នាព្រឹកថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង 0៨:៣០ នាទីព្រឹក នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ, លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយសៀវភៅស្តីពី "ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ - បទពិសោធន៍កម្ពុជា" ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ។ សិក្ខាសាលានេះដឹកនាំ និងថ្លែងសុន្ទរកថាបើកដោយ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការ នៃ អ.គ.ហ. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី នៃ កសហវ. និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងមានការអញ្ជើញចូលរួមពីអភិបាលរងនៃគណៈអភិបាលរាជធានី-ខេត្ត, ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត និង ប្រធានរតនាគាររាជធានី-ខេត្ដ។ ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃនេះ គឺក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងបង្កើនការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការរួមចំណែកកសាងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជាឱ្យស្រប ទៅនឹងស្តងដា និងឧត្តមានុវត្តន៍ជាអន្តរជាតិ។